ប្រលោមលោក
រឿងប្រលោមចិត្តមនុស្ស គឺរឿងដែលអ្នកតែងប្រតិដ្ឋប្រដូចឡើង ដោយឥតមានច្បាប់ដើមជាការណ៍ពិតប្រាកដជាគោលចារឹកឡើយ។ ប្រលោមលោក នេះ ក្នុងសម័យពីដើមហៅ សាស្ត្រាល្បែង ឬ រឿងល្បែង, ខាងសម្រាយច្រើនតែតែងជាពាក្យកាព្យ ដូចជាសាស្ត្រាល្បែងផ្សេងៗមានច្រើនឈ្មោះមានសាស្ត្រា ស័ង្ខសិល្ប៍ជ័យ, លក្សណវង្ស, ហង្សយន្ត, ជិនវង្ស ជាដើម; ខាងបាលីច្រើនតែជា បកិណ្ណកៈ ឬ វេយ្យាករណ៍បាឋ គឺជាពាក្យបាលីរាយៗ ជួនមានគាថាបាលីបញ្ចូលមកខ្លះដោយអន្លើៗដូច បញ្ញាសជាតក ជាដើម, រឿងឬសាស្ត្រាទាំងនោះទោះជាកាព្យសម្រាយក្ដី ជាបាលីក្ដី ហៅថា សាស្ត្រាល្បែង ឬ រឿងល្បែង ដូចគ្នា, ត្រូវគ្នានឹងរឿងឬសាស្ត្រា, សៀវភៅ ប្រលោមលោក សម័យបច្ចុប្បន្ននេះ។ ប៉ុន្តែ, តាមការពិនិត្យ, ឃើញថា ប្រលោមលោក សម័យឥឡូវនេះ មាន៣ប្រភេទគឺ ប្រលោមលោកស្នេហា, ប្រលោមលោកកសាងជីវភាពខ្លួន, ប្រលោមលោកប្រវត្តិសាស្ត្រ, ទាំង៣ប្រភេទនេះ សុទ្ធតែមានអត្ថន័យផ្សេងទីទៃពីគ្នា ...សាស្ត្រាល្បើក ក្នុងសម័យពីដើម ដូចជា ល្បើជូជក, ល្បើកមហារាជ ដែលគេលើកបំផ្លើស ក្នុងរឿងមហាជាតក៍ ជាដើម ក៏រាប់ថាជា ប្រលោមលោក បានដែរ ព្រោះគេតែងឡើងគ្រាន់នឹង ប្រលោម ឱ្យអ្នកអានអ្នកស្ដាប់សើចសប្បាយ ហៅថា ល្បើកប្រលោមលោក។
