សីហៈ
សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន ៤ប្រភេទគឺ ១តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ (សម្បុរត្នោត) ស៊ីសាច់សត្វជាអាហារ; ៤កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នងដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ (ម្ខាងមួយ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេស ក្រៅពីនោះមានសម្បុរសដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ (ច្រើនមាននៅក្នុងហិមវន្តប្បទេស), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង ៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ "ស្ដេចសីហៈ" ក៏បាន។