ស៊ី
(ព.សា.) ដាក់អាហារក្នុងមាត់ ទំពា ហើយលេបចូល, បរិភោគភោជនាហារ។ និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺ សម្រាប់ក្សត្រិយ៍ថា សោយ (ខ្មែរបុរាណប្រើ ស្វោយ) ; សម្រាប់បព្វជិតថា ឆាន់; សម្រាប់មន្ត្រីធំថា ពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថា ពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថា ហូប; ពាក្យកណ្ដាលថា បរិភោគ; សម្រាប់សាធារណជនអ្នកតូចជាង, និយាយគួរសមថា អាស្រ័យ : មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថា ស៊ី (បុរាណថា ឆី) ; ពាក្យលំអុតសម្រាប់កូនតូចថា ញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថា ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ! និយាយចំពោះខ្លួនឯងជាអ្នកបរិភោគ បើនិយាយតាមថ្នាក់ដូច្នេះគឺ ក្នុងទីចំពោះព្រះភក្ដ្រក្សត្រិយ៍ថា ទទួលព្រះរាជទាន; ក្នុងទីចំពោះមុខឥស្សរជនក្រៅពីក្សត្រិយ៍ ឬចំពោះមុខសាធារណជន ដែលគួរគោរពថា ទទួលទាន; ចំពោះមុខសាធារណជនយ៉ាងកណ្ដាលថា បរិភោគ; ចំពោះគ្នាស្មើថា អាស្រ័យ ឬថា ស៊ី; ចំណែកខាងបព្វជិតថា ឆាន់ (ដូចជាអ្នកដទៃនិយាយចំពោះមករកខ្លួនដែរ) :