វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្រៈ

[ស្រៈ]

(ភាសា.) សូរដែលបន្លឺឡើងដោយគ្មានទំនប់ អាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឱ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

(ភាសា.) សូរដែលបន្លឺឡើងដោយគ្មានទំនប់ អាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឱ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង :

ឧទាហរណ៍

“[ɑ],-[ɑ:],-[ɔ],-[ɔ:],-[a],-[a:],-[e],-[e:],-[o],-[o:],… ជាស្រៈ។”

២

អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឱ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង។ ស្រៈសម្រាប់ប្រើក្នុងភាសាបាលី មាន ៨តួគឺ អ អា, ឥ ឦ, ឧ ឩ, ឯ, ឱ។ សម្រាប់ប្រើក្នុងភាសាសំស្ក្រឹតមាន ១៣តួគឺ អ អា, ឥ ឦ, ឧ ឩ, ឫ ឬ, ឭ, ឯ, ឰ, ឱ, ឳ; ថែមស្រៈ ឮ មួយដោយឡែកមកទៀតជា ១៤តួ។ សម្រាប់ប្រើក្នុងភាសាខ្មែរ (សម័យបច្ចុប្បន្ននេះ), រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផង, មាន ២១តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ; រាប់ទាំង ឫ ឬ ឭ ឮ និងស្រៈ ឰ, ឪ, ឳ ផង ជា ២៨តួ។ ស្រៈទាំងនេះ, លើកតែ ឫ ឬ ឭ ឮ និង ឪ ចេញ, ចែកជា ២យ៉ាងគឺ ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯង ហៅ ស្រៈពេញតួ (ត្រូវសរសេរពេញតួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឳ; អ អា។ល។ អុំ អំ អាំ អះ; (ចំពោះស្រៈ ឧ បុរាណសរសេរដាក់សញ្ញាត្រីសព្ទ (៊) ពីលើ ឧ៊ អ.ថ. អុក, ប៉ុន្តែតមក ឈប់ប្រើសញ្ញានេះ នៅតែត្រឹម ឧ; មើលក្នុង និទាន Introduction ផង)។ ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅ ស្រៈផ្សំ ត្រូវសរសេរគំនូសដូច្នេះ | ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ, ផ្សំជា ក កា កិ កី កឹ កឺ។ល។ កុំ កំ កាំ កះ; ឬ ផ្សំជាមួយនឹងស្រៈ អ ពេញតួជា អ អា អិ អី អឹ អឺ។ល។ អុំ អំ អាំ អះ ផងក៏បាន។ ស្រៈផ្សំទាំង ២១តួនេះ កាលបើគ្រូបង្រៀនសិស្សឱ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈ អឃោសៈ ត្រូវបង្គាប់សិស្សឱ្យអានជាសូរសំឡេងតូចថា ក ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ។ល។ ក ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ (ត្រូវឱ្យសិស្សសរសេរស្រៈជា | ា ិ ី ឹ ឺ។ល។ ុំ ំ ាំ ះ)។ បើផ្សំជាមួយនឹងព្យញ្ជនៈ ឃោសៈ ត្រូវបង្គាប់សិស្សឱ្យអានជាសូរសំឡេងធំដូចជាមានសញ្ញាត្រីស័ព្ទ (៊) នេះនៅពីលើ ប៉ុន្តែពុំត្រូវឱ្យប្រើត្រីស័ព្ទផ្សំជាមួយផងទេ គ្រាន់តែឱ្យសិស្សអានបញ្ចេញសំឡេងឱ្យឮធំប៉ុនគ្នានឹងសំឡេងព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺត្រូវឱ្យអានផ្សំថា គ ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊‍ិ គិ, គ ស្រៈ អ៊‍ី គី, គ ស្រៈ អ៊‍ឹ គឹ, គ ស្រៈ អ៊‍ឺ គឺ។ល។ គ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ, គ ស្រៈ អ៊‍ាំ គាំ, គ ស្រៈ អ៊ះ គះ (ត្រូវឱ្យសិស្សសរសេរស្រៈជា | ា ិ ី ឹ ឺ។ល។ ុំ ំ ាំ ះ មិនត្រូវឱ្យដាក់ត្រីស័ព្ទផ្សំផងទេ)។ គ្រូបង្រៀនសិស្សឱ្យផ្សំស្រៈជាមួយនឹងព្យញ្ជនៈតាមសំឡេងតូចធំបែបនេះ ទើបត្រឹមត្រូវតាមរបៀបការសិក្សាអក្សរខ្មែរតាំងពីក្នុងបុរាណកាលរៀងមក; ទាំងសិស្សសោត ក៏អាចចេះអក្សរខ្មែរទៀងទាត់ច្បាស់លាស់ផង។ ត្រង់ព្យញ្ជនៈឃោសៈគ្រប់តួ គ្រូគួរប្រយ័ត្នកុំឱ្យសិស្សអានល្អៀងសំឡេង ត្រង់បែបផ្សំជាមួយនឹងស្រៈសំឡេងធំ ៥តួគឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ាំ (គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ ... នេះ)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

1

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់