ឦស–
ពាក្យកាព្យឬឋានន្តរមន្ត្រី, ខ្មែរបុរាណច្រើនរៀង ឦស ភ្ជាប់ពីខាងចុងសព្ទដទៃដែលមានចុងសព្ទជាស្រៈ អ, ផ្លាស់ ឦស ជា ឯស តាមវិធីសន្ធិសំស្ក្រឹត, ប្រើជា គុ. ក៏មាន, ប្រើជា សកត្ថ ឬ បទបូរណៈ គឺគ្រាន់តែរៀងភ្ចាប់មកសម្រួលពាក្យមិនសំដៅសេចក្ដីរបស់សព្ទ ឦស ក៏មាន, ដូចជា នគរេស "ក្រុងធំ" ឬ "ក្រុង"; នរេស "អ្នកដែលជាម្ចាស់នៃនរជន" ព្រះរាជា។ (ព.កា.) ថា ព្រះបាទសម្ដេចព្រះនរេស ជ័យជេស្ឋគ្រប់គ្រងរាជរដ្ឋា មានព្រះតម្រាស់ឱ្យសេនា ចូលមកគ្រប់គ្នាក្នុងវាំងជ័យ។ ពានរេស "ស្ដេចពានរ"; ភូបេស "ព្រះរាជា"; ភូមេន្ទ្រេស "រាជាធិរាជ" ឬ "ព្រះរាជា"; រាជាធិបេស "អធិបតីតាងព្រះនេត្រព្រះកាណ៌នៃព្រះរាជា"; វង្សាធិបេស "អធិបតីរាជវង្ស" ឬ "អធិបតីរក្សាព្រះរាជវង្សានុវង្ស"។ល។ (លោក-អ្នកខ្លះដែលពេញចិត្តប្រើតាមសំនៀងលាវ-សៀម, ក៏សរសេរជា នគរេត, នរេត, ភូបេត, ភូមេន្ទ្រេត, រាជាធិបេត, វង្សាធិបេត ទៅអស់ ព្រោះលាវ-សៀមអានតួ ស ប្រកបមានសំឡេងជា ដ ឬ ត ប្រកបទៅវិញ; តាមការណ៍ពិត, គួរអានតាមសំឡេងអក្សរជា សំនៀងភាសាជាតិរៀងខ្លួនជាការត្រឹមត្រូវល្អ)។