ឱម!
ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣តួគឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្ដិសិទ្ធិ ៣អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ!) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងពាក្យ សាធុ!) ក៏មាន។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា ឩមអាម។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ. ឧ. ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺ អរហំសម្មាសម្ពុទ្ធ, ឧ. គឺ ឧត្តមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ) ; នមស្ការថា នមោ ឱមស្ស! សូមនមស្ការចំពោះ អ. ឧ. ម. គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ! ឬថា នមោ ឱមរតនត្តយស្ស! សូមនមស្ការចំពោះ អ.ឧ.ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ!
